កំលាំងនៃ បរិស្ថាន ការអប់រំ វប្បធម៌របស់ជប៉ុន

កំលាំងនៃបរិស្ថានរបស់ជប៉ុន

សុវត្ថិភាពល្អ

ប្រទេសជប៉ុនបានរីកចំរើនមក ដោយយកសុវត្ថិភាពសង្គមជាសំខាន់។ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសុវត្ថិភាពបំផុតលើលោក។ ឧទាហរណ៍ ដើម្បីការពារកុំអោយមានបទល្មើសធ្ងន់ធ្ងរ ច្បាប់បានហាមឃាត់ប្រជាជនទូទៅមិនអោយយកកាំបិតតាមខ្លួននៅក្នុងក្រុងឡើយ។ ដោយសាសកម្មភាពទាំងនេះ គេអាចថែរក្សាសុវត្ថិភាពប្រជាជនបាន ទោះនៅក្នុងទីក្រុងដែលមានប្រជាជនច្រើនធ្វើដំណើរទៅមក។ តាមរយៈការស្រាវជ្រាវរបស់កាសែត «អេកូណូមីស» (The Economist) របស់អង់គ្លេស បានអោយដឹងថា​ ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់ លេខ 1 ទីក្រុងអូសាកា ជាប់ចំណាត់ថ្នាក់លេខ 3 ជា «ទីក្រុងដែលមានសុវត្ថិភាពបំផុត» លើលោក។

ម្យ៉ាងទៀត នៅពេលទិញអីវ៉ាន់ រូបិយប័ណ្ណ «យ៉េន» គឺមានសុវត្ថិភាព។ ព្រោះមានក្រដាស់ក្លែងក្លាយតិច បើតាមការស្រាវជ្រាវរបស់(ការិយាល័យបោះពុម្ពរូបិយប័ណ្ណ) «ភាគរយនៃក្រដាស់ប្រាក់ក្លែងក្លាយ ប្រៀបធៀបនឹងបរិមាណលើទីផ្សារ» នៅពេលប្រាក់យ៉េនមាន 1 ប្រាក់ អឺរ៉ូមាន 216 ប្រាក់ដុល្លារអាមេរិច មាន 638 ប្រាក់ ផោន មាន 1619។ ក្រដាស់ប្រាក់ជប៉ុនត្រូវបានធ្វើឡើងកុំអោយមានការក្លែងបន្លំបាន

ភាពងាយស្រួលនិងផាសុខភាព

លើសពីសុវត្ថិភាពល្អ មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជារថភ្លើង គឺគោរពតាមពេលវេលា ធ្វើអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយនេះក៏ជាកំលាំងបរិស្ថានរបស់ជប៉ុនមួយដែរ។ ទោះជាមានការយឺតយ៉ាវក្នុងករណីខ្លះក៏ធ្វើឡើងដើម្បីអោយមានសុវត្ថិភាពដែរ។ ចំពោះរថភ្លើងស៊ីនកាន់សេនដែលធ្វើដំណើរផ្លូវឆ្ងាយក៏គោរពពេលវេលាយ៉ាងសុក្រិត ទោះបីនេះជារឿងធម្មតាសំរាប់ជប៉ុន ប៉ុន្តែភ្ញៀវបរទេសមានការស្ញប់ស្ញែងណាស់។ នេះក៏កើតចេញពីការចូលរួមចំណែករបស់ជនជាតិជប៉ុន ដែលគោរពសណ្ដាប់ធ្នាប់ក្នុងការចាំនិងឡើងជិះរថភ្លើងដោយមិន ប្រជ្រៀតជួរជាដើម។

ម្យ៉ាងទៀត ការសំអាតទីក្រុង គឺធ្វើឡើងបានគ្រប់ច្រកល្ហក ធ្វើអោយទីក្រុងស្អាតនិងមានផាសុខភាព។ បង្គន់សាធារណៈនៅតាមសួនច្បារក៏មិនសូវមានភាពកខ្វក់ ធ្វើអោយមានអារម្មណ៍មិនល្អដែរ។

ដូចរៀបរាប់ខាងលើ គឺសង្គមជប៉ុនតែងគិតពីការសំរេចអោយបាននូវ សុវត្ថិភាព ភាពងាយស្រួល និងផាសុខភាពរបស់បរិស្ថានជានិច្ច។

កំលាំងនៃការអប់រំរបស់ជប៉ុន

ជប៉ុនអោយតំលៃលើអាជីពជំនាញនិងអ្នកបច្ចេកទេស

ងភាសាជប៉ុនមានពាក្យស្លោកមួយថា «យកជំនាញដាក់ក្នុងខ្លួន»។ មានន័យថា​ រកចំណេះដឹងនិងជំនាញដាក់ក្នុងខ្លួន យកសញ្ញាប័ត្រអោយបាន ហើយធ្វើការនិងរស់នៅយ៉ាងរឹងមាំ។

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរីកដុះដាលនៅជប៉ុនក្នុងនាមជាស្ថាប័នបណ្ដុះបណ្ដាលអ្នកជំនាញនិងអ្នកបច្ចេកទេស ដោយសាមានគំនិតនេះនៅខាងក្រោយ។

បច្ចុប្បន្នសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅជប៉ុនមានចំនួន 3206 ហើយមានជំនាញជាច្រើន សម្រាប់តំរូវតាមអាជីពផ្សេងៗ។ ហើយលក្ខណៈពិសេសម្យ៉ាងទៀតគឺ សិស្សដែលសិក្សានៅទីនោះ មានប្រភពផ្សេងៗដូចជាអ្នកបញ្ចប់វិទ្យាល័យ អនុវិទ្យាល័យ ថ្នាក់បរិញ្ញាប័ត្រ អ្នកធ្វើការ និស្សិតបរទេស។

ភាពសំបូរបែបនៃការអប់រំជំនាញ

ប្រទេសជប៉ុនតាំងពីមុនមក បានយកចិត្តទុកដាក់ចំពោះការអប់រំដល់ប្រជាជនសមញ្ញ ហើយបានផ្តោតលើការបង្ហាត់ដែលងាយយល់។ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រពៃណីនេះត្រូវបានគេបន្ត ហើយការបង្ហាត់បង្រៀនដោយផ្ចិតផ្ចង់ត្រូវគេយល់ថាល្អ។ ហើយកម្មវិធីសិក្សាត្រូវបានគេរៀបចំឡើង ធ្វើយ៉ាងណាដំបូងអោយមានភាពសប្បាយក្នុងការសិក្សា ហើយបន្ទាប់មក អាចរៀនអ្វីខ្ពង់ខ្ពស់ដោយពុំមានបញ្ហា។

លើសពីនេះ សាលាសង្កត់ធ្ងន់ក្នុងការជួយអោយសិស្សអាចប្រឡងយកសញ្ញាប័ត្របាន គឺអប់រំធ្វើយ៉ាងណាអោយសិស្សស្ទើរតែទាំងអស់អាចប្រឡងជាប់យកសញ្ញាប័ត្រសំខាន់ៗសំរាប់ចូលធ្វើការងារបាន។ ការទទួលសញ្ញាប័ត្រជំនាញបញ្ជាក់សមត្ថភាព មានប្រយោជន៍ក្នុងការរកការងារធ្វើ ដូច្នេះហើយ ការបញ្ចប់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការទទួលបាននូវសញ្ញាប័ត្រជំនាញ គឺជាចំណុចចាប់ផ្ដើមសំរាប់ជិវិតធ្វើការ។ ជាពិសេស វាមានប្រយោជន៍សំរាប់និស្សិតអន្តរជាតិដែលចង់ធ្វើការនៅជប៉ុនដើម្បីបានបទពិសោធន៍ ដូច្នេះសូមយកវាជាគោលដៅ។

កំលាំងវប្បធម៌ជប៉ុន

ការទទួលយកនូវវប្បធម៌ផ្សេង ការកែច្នៃ និង គំនិតបង្កើតថ្មី

ចំណុចល្អមួយដ៏ធំនៃការសិក្សានៅបរទេសគឺ បទពិសោធន៍រស់នៅក្នុងវប្បធម៌ផ្សេង។ ជាមួយនឹងការជួបប្រទះនូវវប្បធម៌ផ្សេងពីរបស់តំបន់ខ្លួន គំនិតច្នៃប្រឌិតនិងគំនិតបង្កើតថ្មីនឹងលូតលាស់ ហើយសមីខ្លួននឹងធំធាត់ក្នុងនាមជាមនុស្សម្នាក់។

ប្រទេសជប៉ុនបានរីកលូតលាស់ ដោយស្រូបយកនូវវប្បធម៌ សមុទ្ររបស់អាស៊ីអាគ្នេយ៍ វប្បធម៌បរបាញ់របស់តំបន់ខាងជើង និងវប្បធម៌ទ្វីប ហើយបានរៀបចំតាមបែបជប៉ុន។

រួចហើយនៅសម័យថ្មីៗ បានទទួលយកនូវវប្បធម៌អឺរ៉ុបជាច្រើន និងបានបកប្រែឯកសារជាច្រើនមកជាភាសាជប៉ុន។ បន្ទាប់មកជនជាតិជប៉ុនជាច្រើនបានទទួលចំណេះដឹងពីអឺរ៉ុប ហើយប្រែក្លាយជប៉ុនអោយក្លាយជាប្រទេសឧស្សាហកម្មមួយ។ គំនិតច្នៃប្រឌិតនិងគំនិតបង្កើតថ្មីបានលូតលាស់ ហើយជប៉ុនបានបង្កើតទំនិញថ្មីជាច្រើន។ សំរាប់ទំនិញឧស្សាហកម្មមានដូចជា ឆ្នាំងដាំបាយ ម៉ាស៊ីនគិតលេខ កាសែតវីដេអូ ប្រដាប់ចាក់ចម្រៀង។ល។ សំរាប់ការកំសាន្ត មានដូចជាខារ៉ាអូខេ។ល។ សំរាប់ម្ហូបអាហារមានដូចជា មីកញ្ចប់ ត្រូវបានបង្កើតឡើងនៅជប៉ុន ហើយពិភពលោកស្គាល់ច្បាស់

ជនជាតិជប៉ុនអោយតំលៃលើអ្វីដែលពេញលេញនិងមានសណ្ដាប់ធ្នាប់

នៅជប៉ុនមានគំនិតមួយដែលមនុស្សអោយតំលៃលើអ្វីដែលពេញលេញ។ គឺមិនទទួលយកអ្វីៗពីបរទេសទាំងដុលនោះទេ តែកែច្នៃវាអោយត្រូវតាមរចនាបថជប៉ុន។

ឧទាហរណ៍ «ទឹកជ្រលក់តុងកាត្សឹ» គឺមានដើមកំណើតចេញពី ទឹកត្រី របស់អាស៊ីអាគ្នេយ៍។ នៅពេលទឹកត្រីបានទៅដល់ប្រទេសអង់គ្លេស វាបានក្លាយជាទឹកអយស្ទ័រ ហើយពេលទៅដល់ជប៉ុន គេបានដកត្រីចេញពីវត្ថុធាតុដើម ហើយធ្វើរស់ជាតិអោយស្រាល ក្លាយជា ទឹកជ្រលក់តុងកាត្សឹ។ មានន័យថា ការបង្កើតថ្មីរបស់អង់គ្លេស(ទឹកអយស្ទ័រ) និងការបង្កើតថ្មីរបស់ជប៉ុន(ទឹកជ្រលក់តុងកាត្សឹ) គឺចេញមកពីបទពិសោធន៍មកពីវប្បធម៌ផ្សេង។

ការកែច្នៃបែបនេះគឺត្រូវការអោយមានសង្គមដែលមានសន្តិភាពនិងរបៀបរៀបរយ។ នៅក្នុងសង្គមដែលមិនមានស្ថិរភាពគឺការកែច្នៃមិនអាចទៅរួចទេ។

ជនជាតិជប៉ុនមានគំនិតគោរពសហគមឬសមូហភាព និងគំនិតគោរពហេតុផលឯកជន ដែលបានបង្កើតសណ្ដាប់ធ្នាប់ សំរាប់សង្គមដ៏មានស្ថិរភាពមួយ។ ម្យ៉ាងទៀតដោយសាគំនិតសមូហភាពនិងចង់រក្សាសណ្ដាប់ធ្នាប់ខ្ពស់ គេអាចនិយាយបានថា អាចរក្សាសណ្ដាប់ធ្នាប់បានដោយមិនបាច់ពឹងផ្អែកលើច្បាប់ឬក្រិត្យក្រម។

 

PAGETOP