ការអប់រំពីអាជីពនៅជប៉ុន

ការអប់រំពីអាជីពនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាប័ត្រ

ការអប់រំពីអាជីពគឺមាននៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាប័ត្រ។

ជាពិសេសនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គេរៀបចំកម្មវិធីសិក្សាដើម្បីអោយអាចរកអាជីពណាមួយបាន ឬអាចយកសញ្ញាប័ត្រជំនាញដែលមានប្រយោជន៍សំរាប់អាជីពនោះ។ មានកម្មវិធីសិក្សាដោយអនុវត្តន៍ជាច្រើន និងមានកម្មវិធីចុះធ្វើកម្មសិក្សាដោយផ្ទាល់ដែលមានប្រយោជន៍សំរាប់អាជីពនោះ។ លើសពីនេះទៅទៀត សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលអ្នកចេញធ្វើការរួច ទៅសិក្សាឡើងវិញ។

ចំណែកនៅថ្នាក់បរិញ្ញាប័ត្រវិញ ដូចជានៅផ្នែកវេជ្ជសាស្ត្រមានការបង្រៀនជំនាញដល់អ្នកដែលចង់ក្លាយជាគ្រូពេទ្យព្យាបាលឬឱសថសាស្ត្រ ប៉ុន្តែនៅផ្នែកវិទ្យាសាស្ត្រសង្គមវិញ មានការបង្រៀនជំនាញដែលមិនតំរង់ទៅរកអាជីពណាមួយ។ ប៉ុន្តែថ្មីៗនេះ មានការជួយអោយនិស្សិតអាចយកសញ្ញាប័ត្រជំនាញដែលមានប្រយោជន៍ក្នុងការរកការងារធ្វើ។

ការអប់រំពីអាជីពនៅវិទ្យាល័យ

នៅសាលាវិទ្យាល័យជំនាញ មានការបង្រៀនពីជំនាញខាងផ្នែកណាមួយ។ មានវិទ្យាល័យជំនាញដែលបង្រៀនអំពី កសិកម្ម ពាណិជ្ជកម្ម ពត៌មានវិទ្យា ការថែទាំមនុស្ស។ល។ សិស្សវិទ្យាល័យជំនាញមានប្រហែល 19% នៃសិស្សវិទ្យាល័យទាំងអស់។

ការអប់រំពីមុខរបរ

ថ្មីៗនេះ ក្រៅពីវិទ្យាល័យ មានការបង្រៀនអំពីមុខរបរនៅបឋមសិក្សា និង អនុវិទ្យាល័យ ដើម្បីអោយសិស្សយល់អំពីអាជីព និងអាចជ្រើសរើសអាជីពអនាគតរបស់ខ្លួនបាន។

PAGETOP