ចំណុចសំខាន់ក្នុងការធ្វើការនៅជប៉ុន
ជប៉ុនជាប្រទេស មានអនាម័យ មានសុវត្ថិភាព និងស្រួលរស់នៅ។ ឧស្សាហកម្មបានរីកលូតលាស់ជាមួយនឹងការរីកចំរើននៃសេដ្ឋកិច្ច ហើយថ្មីៗនេះមាននិស្សិតជាច្រើនដែលបញ្ចប់ការសិក្សានៅជប៉ុន មានបំណងចង់ធ្វើការនៅជប៉ុន ដើម្បីរៀនពីរបៀបធ្វើការនិង «ប្រព័ន្ធគ្រប់គ្រងគុណភាព»។ ដូច្នេះ យើងណែនាំពីអ្វីដែលគួរដឹងក្នុងការធ្វើការនៅជប៉ុន។
មូលហេតុដែលគេចង់បានធនធានមនុស្សអន្តរជាតិ
ធនធានមនុស្សឆ្នើមនិងប្លែក
នៅជប៉ុន ចំនួនក្មេងកាន់តែតិច មនុស្សចាស់កាន់តែច្រើន កំលាំងពលកម្មធ្វើការកាន់តែតិចទៅៗ។ ដូច្នេះហើយ ការទទួលយកធនធានមនុស្សអន្តរជាតិដែលពូកែ អោយបានច្រើន ជាកិច្ចការដែលត្រូវធ្វើដើម្បីអោយជប៉ុនមានដំណើរការល្អ។
ទន្ទឹមនឹងនេះដែរ ជាមួយនឹងសាកលភាវូនីយកម្ម គឺមានតម្រូវការធនធានមនុស្សអត្តរជាតិច្រើន ហើយក៏មានតម្រូវការជនបរទេសដែលមានវប្បធម៌កំណើតផ្សេងៗសំរាប់ធ្វើការក្នុងស្ថាប័នដើម្បីអោយមាន គំនិតប្លែកៗធ្វើអោយស្ថាប័នមានសកម្មភាពល្អ ដើម្បីបង្កើតអ្វីដែលមានតំលៃថ្មីៗ។
ហេតុដូច្នេះហើយ ទន្ទឹមនឹងការដែលមានជនបរទេសចង់ធ្វើការនៅជប៉ុនច្រើន ក៏មានក្រុមហ៊ុនជប៉ុនច្រើនដែលមានបំណងចង់ជួលជនបរទេសផងដែរ។
នៅពេលនោះ នៅពេលដែលនិស្សិតអន្តរជាតិចូលធ្វើការនៅជប៉ុន ត្រូវស្នើទៅការិយាល័យអន្តោប្រវេស្តន៍សុំប្ដូរទិដ្ឋាការពី «សិក្សា» ទៅ ទិដ្ឋាការដែលអាចធ្វើការបាន។ នៅឆ្នាំ 2010 មានការអនុញ្ញាតិចំនួន 7831 ករណី ហើយនៅឆ្នាំ 2015 មានចំនួន 15657 ករណី គឺបានកើនឡើងទ្វេរដងក្នុង 5 ឆ្នាំ (ការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងយុត្តិធម៌ «ស្ថានភាពនៃការជួលនិស្សិតបរទេសអោយធ្វើការនៅក្រុមហ៊ុនជប៉ុន»)។ មានន័យថា ជនបរទេសដែលធ្វើការនៅជប៉ុនបានកើនឡើងយ៉ាងលឿន។
មូលហេតុដែលក្រុមហ៊ុនជប៉ុនចង់បានធនធានមនុស្សអន្តរជាតិ
«ក្រុមហ៊ុនជប៉ុន» នៅទីនេះមានន័យ ក្រុមហ៊ុនដែលដំណើរការនៅប្រទេសជប៉ុន។ នៅជប៉ុនមានក្រុមហ៊ុនប្រមាណ 382ម៉ឺនក្រុមហ៊ុន ដែលក្នុងចំណោមនោះ 99.7%ជាក្រុមហ៊ុនតូចឬមធ្យម។
ពីមុន ជាពិសេសក្នុងចំណោមក្រុមហ៊ុនតូចនិងមធ្យម ដោយសារចំនួនយុវជនថយចុះ ធ្វើអោយមានការលំបាកក្នុងការជួលជនជាតិជប៉ុនអោយធ្វើការ ទើបមានទំនោរជួលជនបរទេស។
ប៉ុន្តែនៅពេលដែលបានដឹងលឺទូលំទូលាយ ថាជនបរទេស មានសមត្ថភាពខ្ពស់ មានការអត់ធន់ខ្លាំង មានក្រុមហ៊ុនជប៉ុនជាច្រើនចាប់ផ្ដើមគិតថា «ចង់បានធនធានមនុស្សដែលមានសមត្ថភាពទាំងជនជាតិជប៉ុន និងជនបរទេស(មិនគិតសញ្ជាតិ)»។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនជាច្រើន បានចាប់ផ្ដើមផ្ដល់ការងារអោយជនបរទេស ដោយធ្វើអោយមានលក្ខខណ្ឌដូចគ្នានឹងជនជាតិជប៉ុន រួមទាំងការអប់រំ ការងារ ប្រាក់បំណាច់ ការឡើងឋានៈ។ល។
មូលហេតុដែលក្រុមហ៊ុនជប៉ុនចង់បានធនធានមនុស្សអន្តរជាតិ
«ក្រុមហ៊ុនដើមកំណើតជប៉ុន» គឺក្រុមហ៊ុនជប៉ុនដែករកស៊ីនៅក្រៅប្រទេស។ សំដៅលើក្រុមហ៊ុនដែលបានបង្កើតសាខានៅក្រៅប្រទេស ទោះបីជាក្រុហ៊ុនអន្តរជាតិ ប៉ុន្តែមាន ការិយាល័យកណ្ដាលនៅជប៉ុន។ ក្រុមហ៊ុនដើមកំណើតជប៉ុន ភាគច្រើនជាក្រុមហ៊ុនធំៗ។
ក្រុមហ៊ុនដើមកំណើតជប៉ុនធ្វើការរកស៊ីនៅគ្រប់កន្លែងលើពិភពលោក ដូច្នេះត្រូវការធនធានមនុស្សដែលយល់ពី ភាសានិងស្ថានការណ៍នៅប្រទេសនោះ។ ហេតុដូច្នេះហើយ មានការជួលជនបរទេសអោយគ្រប់គ្រងសាខាក្រៅប្រទេស ហើយក៏មានក្រុមហ៊ុនជាច្រើន ជួលជនបរទេស នៅពេលចាប់ផ្ដើមប្រតិបត្តិការក្រៅប្រទេស សំរាប់ការស្រាវជ្រាវទីផ្សារ និងការបង្កើតផលិតផលថ្មី។
នៅក្រុមហ៊ុនជប៉ុន ភាពប្លែកៗនៃធនធានមនុស្សដើម្បីអោយស្ថាប័នមានភាពរស់រវើក បាននឹងកំពុងទៅមុខ។ គឺគេសង្ឃឹមថា ជនជាតិជប៉ុននឹងទទួលឥទ្ធិពលល្អពីជនបរទេសដែលមានសមត្ថភាព និងធ្វើអោយស្ថាប័នមានភាពរស់រវើក។
ហេតុដូច្នេះហើយធនធានមនុស្សអន្តរជាតិ បានចូលធ្វើការច្រើនផ្នែកនៅក្រុមហ៊ុនជប៉ុន ក្នុងនាមជា«ធនធានមនុស្សមានសមត្ថភាព» ទោះបីជាក្រុមហ៊ុននោះមិនរកស៊ីនៅក្រៅប្រទេសក៏ដោយ។
【យោង】មូលហេតុដែលក្រុមហ៊ុនជប៉ុនជួលនិស្សិតបរទេស
ចង់បានធនធានមនុស្សដែលមានសមត្ថភាពដោយមិនគិតពីសញ្ជាតិ
ដើម្បីធ្វើការងារជំនួញជាមួយភ្ញៀវនៅបរទេស។
សំរាប់ធ្វើជាថ្នាក់ដឹកនាំសាខាក្រៅប្រទេសក្រុមហ៊ុនខ្លួន(ឬគ្រុប)នៅអនាគត។
ដើម្បីធ្វើការងារដែលនឹងកើតឡើងពេលក្រុមហ៊ុនចេញទៅក្រៅប្រទេស។
ក្រុមហ៊ុនខ្លួន(ឬគ្រុប)នៅក្រៅប្រទេស។
ដើម្បីអោយមានសកម្មភាពនៅកន្លែងធ្វើការរួមទាំងឥទ្ធិពលលើជនជាតិជប៉ុន។
ដើម្បីបន្ថែមផ្នែកជំនាញដែលជនជាតិជប៉ុនពិបាកធ្វើ។
(ប្រភព)សមាគមសិក្សាបច្ចេកទេសអន្តរជាតិ «ការស្រាវជ្រាវពីការធ្វើការរបស់និស្សិតអន្តរជាតិនៅក្រុមហ៊ុនជប៉ុន»
លក្ខណសម្បត្តិធនធានមនុស្សអន្តរជាតិដែលគេចង់បាន
នៅជប៉ុនមានវិធីជួលបុគ្គលិកដ៏ប្លែកមួយគឺ «ជួលបុគ្គលិកទើបបញ្ចប់ការសិក្សាម្ដងច្រើននាក់»។ ជាទូទៅគឺជួលនិស្សិតបញ្ចប់ការសិក្សានៅសាលាជប៉ុននៅខែ 3 អោយចាប់ផ្ដើមចូលធ្វើការជាបុគ្គលិកថ្មីនៅខែ 4។ មានការជួលបុគ្គលិកដែលមានជំនាញស្រាប់ ប៉ុន្តែនៅជប៉ុន ភាគច្រើនគឺនៅតែជួលបុគ្គលិកទើបបញ្ចប់ការសិក្សា។ យើងធ្វើការបកស្រាយអំពី សមត្ថភាពភាសាជប៉ុន ដែលជាផ្នែកសំខាន់មួយនៃលក្ខណសម្បត្តិដែលគេចង់បានសំរាប់និស្សិតបរទេស។
សមត្ថភាពភាសាជប៉ុនដែលនឹងត្រូវសាកល្បងនៅពេលសម្ភាស–សមត្ថភាពនិយាយនិងសមត្ថភាពស្ដាប់
ក្នុងការស្វែងរកការងាររបស់ជនបរទេស ក្រុមហ៊ុនជប៉ុនសង្កត់ធ្ងន់លើសមត្ថភាពភាសាជប៉ុន។ គួរកត់សម្គាល់ថា ក្រុមហ៊ុនជប៉ុនមិនវិនិច្ឆ័យតែទៅលើលទ្ធផលនៃការប្រឡងបញ្ជាក់សមត្ថភាពភាសាជប៉ុនប៉ុណ្ណោះទេ។ នៅជប៉ុនមានក្រុមហ៊ុនច្រើនដែលសង្កត់ធ្ងន់លើការសម្ភាសន៍ដែលគេពិនិត្យមើលពីសមត្ថភាពនៃ«ការនិយាយ» និង «ការស្ដាប់» បើមិនគ្រប់គ្រាន់គឺមិនងាយជាប់ទេ។
ចំពោះជំនាញបច្ចេកទេសវិទ្យាសាស្ត្រមានករណីខ្លះមិនតម្រូវអោយចេះជប៉ុនច្រើនទេ
កំរិតភាសាជប៉ុនដែលគេចង់បានបន្ទាប់ពីចូលធ្វើការ អាចចែកជា 2 ប្រភេទធំៗ។ ទី1គឺអ្នកបច្ចេកទេសនិងអ្នកស្រាវជ្រាវដែលជាជំនាញផ្នែកវិទ្សាសាស្ត្រ ក្នុងករណីនេះ មានក្រុមហ៊ុនជាច្រើនគិតថា «អាចទទួលយកបានបើអាចប្រាស្រ័យទាក់ទងក្នុងក្រុមហ៊ុនបាន»។ ថ្មីៗនេះ បើសិនជាធនធានមនុស្សដែលមានជំនាញច្បាស់លាស់ផ្នែក IT ជាដើម មានក្រុមហ៊ុនជាច្រើនមិនផ្ដោតសំខាន់លើសមត្ថភាពភាសាជប៉ុនទេ។ ប៉ុន្តែ ទោះជាជំនាញខាងបច្ចេកទេសនិងស្រាវជ្រាវក៏ដោយ មានក្រុមហ៊ុនខ្លះតម្រូវអោយបង្កើនសមត្ថភាពភាសាជប៉ុនដែរ។
នៅផ្នែកជំនួញគេត្រូវការសមត្ថភាពភាសាជប៉ុនខ្ពស់
ចំណែកឯការងារផ្នែកវិទ្សាសាស្ត្រសង្គមដូចជា ទីផ្សារ ផ្សព្វផ្សាយ រដ្ឋបាល។ល។ គឺតម្រូវអោយមានសមត្ថភាពភាសាជប៉ុនខ្ពស់ ដើម្បីប្រជុំជាមួយអតិថិជន និងក្រុមហ៊ុនសហការ ហើយចំពោះការងារទីផ្សារគឺត្រូវការទាក់ទងជាមួយមនុស្សនៅក្រៅក្រុមហ៊ុន និងលើកសំណើរ ចរចា។ល។ ខុសពីការសន្ទនាប្រចាំថ្ងៃ ភាសាជប៉ុនក្នុងការងារជំនួញគឺត្រូវចេះពាក្យសំរាប់ជំនួញ ពាក្យគួរសម និងអាចយល់ការសន្ទនាតាមបែបវប្បធម៌ជប៉ុន។
នៅក្នុងការសិក្សាក្នុងក្រុមហ៊ុនគេអាចបង្កើនសមត្ថភាពភាសាជប៉ុនបាន
បើមើលជាទូទៅ ការធ្វើការជាបុគ្គលិកក្រុមហ៊ុននៅជប៉ុន គឺតម្រូវអោយចេះភាសាជប៉ុនខ្លាំង។ ប៉ុន្តែក្រុមហ៊ុនជប៉ុនមិនតំរូវអោយនិស្សិតបរទេសមានសមត្ថភាពកំរិតនោះតាំងពីដំបូងទេ។ ក្រុមហ៊ុនជប៉ុនភាគច្រើនមានគំនិតបណ្ដុះបណ្ដាលបុគ្គលិក«ចាប់ពីសូន្យទៅ» ដូច្នេះហើយបានត្រៀមកម្មវិធីបង្រៀន និងហ្វឹកហ្វឺនជាច្រើន។ ថ្មីៗនេះ មានក្រុមហ៊ុនច្រើនរៀបចំកម្មវិធីសិក្សាភាសាជប៉ុនសំរាប់និស្សិតបរទេសតាមកំរិត គឺអាចធ្វើការបណ្ដើរ បំប៉នភាសាបណ្ដើរបាន។